សូមប្រុងប្រយ័ត្ន ចំពោះល្បិចកលខិលខូច នៅព្រលានយន្តហោះ ម៉ានីល ធ្វើឲ្យអស់លុយហើយ អាចជាប់គុក ទាំងមិនដឹងរឿងទៀត!
ពុធ ០៤ វិច្ឆិកា, ២០១៥ ម៉ោង ១០:៤៨
ហ្វីលីពីន៖ ល្បិចកលខិលខូចមួយនៅព្រលានយន្តហោះម៉ានីល អាចនឹងធ្វើឲ្យអ្នក ជួបបញ្ហាធំ អស់លុយពីហោប៉ាវ ឬអាចដល់ថ្នាក់ជាប់គុកជាប់ច្រវ៉ាក់ ទាំងមិនដឹងរឿងទៀតផង។ ករណីនេះ សូមប្រិយមិត្តគួរបន្ថែមការប្រុងប្រយ័ត្ន ពេលយកកាបូប ឬវ៉ាលី ឆ្លងកាត់កន្លែងត្រួតពិនិត្យ នៅឯព្រលានយន្តហោះ។
រាល់ព្រលានយន្តហោះ ជារឿយៗតែងក្រើនរំលឹក ដល់អ្នកដំណើរ កុំឲ្យជឿទុកចិត្តមនុស្សចម្លែក ព្រោះពួកនោះអាចនឹងមានបំណងមិនល្អ មកលើឥវ៉ាន់នៅក្នុងកាបូប ឬវ៉ាលី ហើយក៏អាចជា ល្បិចកលអូសទាញឲ្យអ្នក ធ្លាក់ចូលទៅក្នុងបញ្ហា និងការប្រឈមមុខ តាមផ្លូវច្បាប់ទៀតផង។
ជាក់ស្តែង ករណីនេះ បានផ្ទុះឡើង និងកំពុងក្តៅគគុក នៅក្នុងប្រទេសហ្វីលីពីន ខណ:ដែលតំណាងរាស្ត្រប្រទេសនេះ បាននិងកំពុងតែបើកការស៊ើបអង្កេតយ៉ាងខ្លាំង ទៅលើល្បិចខិលខូច ដោយការលួចដាក់គ្រាប់កាំភ្លើង នៅក្នុងកាបូប ឬវ៉ាលី ធ្វើឲ្យអ្នកដំណើរមួយចំនួនក្លាយទៅជាជនរងគ្រោះ ហើយថែមទាំងធ្វើឲ្យពួកគេខាតបង់លុយកាក់ និងខកខានជើងហោះហើរ ទៀតផង។

យោងតាមប្រភពព័ត៌មាន ឲ្យដឹងថា ល្បិចកលខិលខូច លួចដាក់គ្រាប់កាំភ្លើងនៅក្នុងកាបូប ឬវ៉ាលី របស់អ្នកដំណើរ នៅព្រលានយន្តហោះ មានជាប់ពាក់ព័ន្ធ ជាមួយនឹងបុគ្គលិកបំរើការងារនៅទីនោះផ្ទាល់តែម្តង។ ប្រភពបន្តថា ជនទុច្ចរិតខិលខូចទាំងនោះ បានឆ្លៀតឱកាស បន្លំលួចដាក់គ្រាប់កាំភ្លើង ចូលទៅក្នុងកាបូប ឬវ៉ាលី របស់ជនរងគ្រោះជាអ្នកដំណើរ លុះដល់ពេលឆ្លងកាត់កន្លែងត្រួតពិនិត្យ ម៉ាស៊ីននឹងលោតសញ្ញាប្រាប់ថា មានគ្រឿងផ្ទុះ ជាហេតុធ្វើឲ្យជនខិលខូច បង្ខិតបង្ខំទារប្រាក់ បង្ខំ ឬគំរាមកំហែង ឲ្យចំណាយប្រាក់ ចន្លោះពី ១០ដុល្លារ ទៅដល់ ៦៤០ដុល្លារ និងករណីធ្ងន់ធ្ងរចាប់បង្ខាំងទុក ទៀតផង។ គេបានដឹងថា កើតឡើងនៅឯព្រលានយន្តហោះ Ninoy Aquino International Airport ក្នុងរដ្ឋធានីម៉ានីល នៃប្រទេសហ្វីលីពីនតែម្តង។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៤ ព្រលានយន្តហោះ Ninoy Aquino International Airport ធ្លាប់ត្រូវបានគេឲ្យឈ្មោះថា ជាព្រលានយន្តហោះ អាក្រក់បំផុត នៅលើពិភពលោកផងដែរ ដោយសារតែកន្លែងដេក ក្នុងព្រលានយន្តហោះមិនមានភាពងាយស្រួលសំរាប់អ្នកដំណើរ។
ជនរងគ្រោះ ចុងក្រោយបំផុត គឺជាជនជាតិហ្វីលីពីន ដែលធ្វើការ នៅក្រៅប្រទេស មានឈ្មោះថា Gloria Ortinez។ នារីរងគ្រោះ បានខកជើងហោះហើរ ទៅទីក្រុងហុងកុង បន្ទាប់ពីគ្រាប់កាំភ្លើង ត្រូវបានគេរកឃើញនៅក្នុងកាបូបដៃរបស់នាងរួចមក។ ទោះបីជានាង បានបដិសេធថា គ្រាប់កាំភ្លើងនោះ មិនមែនជារបស់នាងយ៉ាងណា ក៏នាង នៅតែត្រូវបានក្រុមការិយាល័យសន្តិសុខផ្នែកដឹកជញ្ជូន ចាប់ឃុំខ្លួន អស់រយៈពេល ជាច្រើនថ្ងៃផងដែរ។
ករណីស្រដៀងគ្នានេះមួយទៀត មានបុរសជនជាតិជប៉ុន ជាអ្នកទេសចរ មានឈ្មោះថា Kazunobu Sakaoto ត្រូវបានឃាត់ខ្លួន បន្ទាប់ពីគ្រាប់កាំភ្លើង ចំនួន ២គ្រាប់ ត្រូវបានរកឃើញ នៅក្នុងវ៉ាលី របស់គាត់។ ជាងនេះទៅទៀត ក្នុងខែកញ្ញា កន្លងទៅ បុរសជនជាតិអាមេរិក ចំនួន ២នាក់ ក៏បានក្លាយខ្លួន ជាជនរងគ្រោះ ដោយសារតែ ល្បិចលួចដាក់គ្រាប់កាំភ្លើង ខណៈពេលជនរងគ្រោះ ឆ្លងកាត់ព្រលានយន្តហោះ Ninoy Aquino International Airport នេះ។
យ៉ាងណាមិញ បន្ទាប់ពីមានការចោទប្រកាន់ ពីអ្នកដំណើរជាច្រើនមក ព្រលានយន្តហោះមួយនេះ ត្រូវបានគេតាមឃ្លាំមើល និងបើកការស៊ើបអង្កេត ជាពិសេសទៅលើបុគ្គលិកបំរើការងារទីនោះតែម្តង ដែលជាប់សង្ស័យថា មានពាក់ព័ន្ធ នឹងករណីខាងលើនេះ។ ក្នុងនោះដែរ កាមេរ៉ាសុវត្ថិភាពត្រូវបានបំពាក់បន្ថែម ដើម្បីរកមុខជនដែលបាន បំផ្លិចបំផ្លាញកិត្តិយស របស់ប្រទេសហ្វីលីពីន៕
ដូច្នេះហើយ សូមប្រិយមិត្តទាំងអស់ មានការប្រុងប្រយ័ត្ន មិនថានៅព្រលានយន្តហោះ ណាឡើយ ព្រោះវាអាចកើតមាន ករណីស្រដៀងគ្នា ក៏ថាបាន!
ប្រភព ៖ បរទេស
ដោយ ៖ ប៊ី
ខ្មែរឡូត
No comments:
Post a Comment